តើពាក្យថា កំពតមានន័យដូចម្តេច ? ហេតុអ្វីបានជាគេដាក់ឈ្មោះខេត្តថា កំពត ?

តើពាក្យថា កំពតមានន័យដូចម្តេច ? ហេតុអ្វីបានជាគេដាក់ឈ្មោះខេត្តថា កំពត ?

Loading...

ខេត្តកំពត ជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា មានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និង ស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា ខេត្តកោះកុង និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នាដែរ ខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃទៅខាងត្បូង ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត។ កំពតមានប្រជាជន ៦២៧ ៨៨៤ នាក់ និងប្រកបដោយស្រុកនិងក្រុងចំនួនប្រាំបីដែលបានចែកទៅជាឃុំ-សង្កាត់ ៩២ ជាមួយនិងភូមិសរុប ៤៧៧ នាក់។ ខេត្ត​កំពត​មាន​សំណង់​ប្រវត្តិសាស្រ្តជាច្រើន​ដូចជា​ផ្ទះ ផ្សារ​លក់​ទំនិញ រោងភាពយន្ត​ មន្ទីរពេទ្យជាដើម​ សុទ្ធ​សឹង​​ជា​ភស្ដុតាងបង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចាប់​អារម្មណ៍​របស់​ពួក​បារាំង​ទៅ​លើ​ទឹក​ដី​ខេត្ត​មួយ​នេះ​។​ហើយក៏មានភ្នំបូកគោដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗរូបផងដែរ។ នៅលើនោះក៏មានកាស៊ីណូ និង មាន កន្លែងកម្សាន្តជាច្រើនដូចជា៖ វាលស្រែមួយរយ ទឹកធ្លាក់អាចមើលទេសភាព មកខាងក្រោមយ៉ាងស្រស់ស្អាត អាចចាប់ពពកបាន។-ល-។ ទីក្រុងទូកមាសបានតាំងទីនៅខេត្តកំពត។ទេសភាពនៃព្រែកកំពត មើលពីក្រុងកំពត ក្បែរសាលាខេត្ត ចំពីមុខភ្នំបូកគោ។



ប្រភព​​បាន​ឲ្យ​ដឹង​ថា ​ខ្មែរ​​យើង​​​បាន​សរសេរ​​និង​អាន​ពាក្យ​ប្រជុំ​ជន​ កំពត​ ​ថា គុម្ពត ឬ​​ កំពោត ​​ដែល​​ពាក្យ​​នេះ បាន​​​ក្លាយ​​ទៅ​ជា​ឈ្មោះ​ខេត្ត ​ហើយ​​ឈ្មោះ​នេះ​ត្រូវ​បាន​គេ​ហៅ​ដោយ​សំដៅ​ទៅ​លើ​ភូមិ​មួយ​ ​ដែល​អ្នក​ស្រុក​ស្គាល់​ពី​យូរ​លង់​មក​ហើយ​ ស្ថិត​នៅ​ព្រែក​កំពត ដែល​មាន​ប្រភព​មក​ពី​ភ្នំ​ដំរី​។

​ហើយ​​នៅ​ខាង​លើ​ដៃ​ព្រែក​កំពត​បន្តិច​ ​ដែល​ជា​ទីប្រជុំ​ជន​ចិន​រស់​នៅ ហៅ​ភូមិ​ព្រៃ​ស្តុក​(ម្តុំ​អណ្ដូង​ខ្មែរ​) ​យ៉ាង​ក៏ដោយ​ ​​ពាក្យ​ថា គុម្ពត និង​កំពោត គេ​ពុំ​ដែល​យល់​ស្រប​ទៅ​លើ​ដើម​កំណើត និង​​ ឫសគល់​នៃ​ពាក្យ​នេះ​​ឡើយ​។

​ក្នុង​នោះ ​តាម​សម្ដី​អ្នក​ខ្លះ​តំណាល​ថា មាន​ស្ត្រី​អ្នក​មាន​ធនធាន​ចតុស្តម្ភ​ម្នាក់​ឈ្មោះ ​នាង ​ពត ដែល​បាន​រស់នៅ​ទី​នោះ​ជា​អ្នក​មាន​ឥទ្ធិពល និង​ទទួល​ការ​លើក​តម្កើង​យ៉ាង​ខ្លាំង​ពី​អ្នក​ស្រុក​ភូមិ​ផង​របង​ជាមួយ​ ដោយ​សារ​ភោគ​ទ្រព្យ​មហាសាល​របស់​នាង​ ហើយ​​អ្នក​ស្រុក​បាន​ប្រមូល​ផ្តុំ​គ្នា​មក​រស់នៅ​ជុំវិញ​ស្ត្រី​នោះ ​តាម​បែប​សាជីវកម្ម គឺ​របៀប​ជា​ក្រុម​មួយ។

​តំណ​ក្រោយ​មក ពាក្យ​ថា​ “ក្រុម” ​នេះ​ក្លាយ​មក​ជា​ពាក្យ​ “កុម”​ ​ដូច​នេះ​នៅ​ជាប់​ភូមិឋាន​នៃ​ក្រុម​របស់​នាង​ ​ពត មាន​ឈ្មោះ​ជា​បន្តបន្ទាប់​ថា ក្រុម​នាង​ពត រួច​ក្រុម​ពត។

​​ងាក​មក ​រឿង​និទាន​មួយ​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ បាន​តំណាល​ពី​ស្ដេច​ព្រះរាម​ នា​សម័យ​បែក​បាក់​លង្វែក ដែល​បាន​រត់​គេច​ចេញ​ពី​ការ​បះបោរ​ក្នុង​រាជវាំង​ ហើយ​ភៀស​ព្រះកាយ​មក​គង់​នៅ​ជាមួយ​មហេសី​ម្នាក់ រួម​ទាំង​ពួក​អាមាត្យ​ស្មោះត្រង់​មួយ​ចំនួន​។

បន្ទាប់​មក​ទៀត មហេសី​ដែល​មាន​នាម​ថា អ្នក​ម្នាង ​ពត មាន​ជំងឺ​រួច​ក៏​ស្លាប់​នៅ​ទី​នោះ ​ ក្រោយ​មក ​ ដើម្បី​ជា​អនុស្សាវរីយ៍​យូរ​លង់​ត​ទៅ ចំពោះ​ស្ត្រី​ដែល​ព្រះអង្គ​សព្វព្រះទ័យ​ជាង​គេ​ ជា​ពិសេស​ព្រះអង្គ​ក៏​ប្រទាន​ឈ្មោះ​កន្លែង​នោះ​ថា កំពត​។

លើស​ពី​នេះ ​ពាក្យ ​កំពត​ ក៏​នៅ​មាន​ការ​ពន្យល់​ពី​របៀប​ផ្សេង​​គ្នា​ទៀត​ផង​ដែរ​​ ៖

ទី​១). ​តាម​សម្ដី​អ្នក​ចេះ​ដឹង​មួយ​ចំនួន​​បាន​អះអាង​ថា ឈ្មោះ ​កំពត បាន​មក​ពី​ផែន​សិលា​ចារឹក​មួយ​ផ្ទាំង​ដែល​គេ​ប្រទះ​ឃើញ​ក្នុង​ខ្ទម​ស្លឹក​មួយ​ ​ដែល​គេ​បោះបង់​ចោល​ស្ថិត​នៅ​ក្រោយ​ភូមិ​កំពត ហើយ​ផែន​ថ្ម​នោះ​ ​មាន​កម្ពស់​៣០​សង់ទីម៉ែត្រ ដោយ​មាន​អម​ពី​ចំហៀង​នូវ​ផ្ទាំង​សិលា តូច​ៗ​២​ទៀត​។ អ្នក​ស្រុក​ឲ្យ​ឈ្មោះ​ផ្ទាំង​សិលា​ចារឹក​នោះ​ថា កំពត ហើយ​ក្លាយ​ជា​វត្ថុ​សក្ការបូជា​។

ទី​​២). នៅ​ខាង​ត្បូង​បឹង​កំពត គេ​បាន​ប្រទះ​ឃើញ​សិលា​ចារឹក​មួយ​ផ្ទាំង​ទៀត ដែល​មាន​ទំហំ​ធំ ​ហើយ​មាន​សណ្ឋាន​រូប​រាង​ដូច​ត្រី​ក្រពត ស្ថិត​ក្នុង​ព្រៃ​គុម្ពោត​មួយ​។ ប៉ុន្តែ​ទី​កន្លែង​នោះ ​នៅ​ជ្រៅ​ពោរពេញ​ទៅ​ដោយ​វាល​ភក់ ព្រម​ទាំង​ទឹក​ជំនន់​លិច​ពិបាក​ចូល​ទៅ​ដល់ ។ ដូច​នេះ​តំណ​ត​ក្រោយ​មក​ពាក្យ​ក្រពត​ ក៏​ក្លាយ​ទៅ​ជា​កំពត​។

ដោយ​យើង​មាន​ទំនោរ​ទៅ​លើ​មតិ​មួយ​ ​នៃ​ការ​បកស្រាយ​ទាំង​ពីរ​ចុង​ក្រោយ ​ដែល​សម​ស្រប​អាច​ទទួល​យក​ពី​បណ្ដា​ជន​អ្នក​ចេះ​ដឹង ​ដែល​រស់នៅ​លើ​ទឹក​ដី​នោះ​ពី​យូរ​លង់​ណាស់​មក​ហើយ​។

ជា​ចុង​ក្រោយ​គេ​បាន​ពន្យល់​មួយ​បែប​ផ្សេង​ទៀត តែ​មិន​សូវ​ជា​ពិតប្រាកដ​ប៉ុន្មាន​ទេ គឺ​ពាក្យ​កំពត​ បាន​ចេញ​ពី​ពាក្យ​ថា កម្ពុជា ដែល​មាន​សំឡេង “កំ​ៗ” ដូច​គ្នា​ ដែល​ជា​ឈ្មោះ​ពី​ដើម​មក​នៃ​ប្រទេស​កម្ពុជា​។ ការ​បង្ហាញ​ពន្យល់​បែប​សាមញ្ញ​នូវ​ពាក្យ “កំ​ៗ” ខាង​លើ​នេះ ក៏​គេ​មិន​អាច​ទទួល​យក​បាន​ដែរ​​ដោយ​ហេតុ​​ផល​ថា៖​

​ទី​​១). ​តាម​ឯកសារ​របស់​លោក ឌឿ វ៉ាន់ បាន​សរសេរ​ជូន​មក​ក្រុម​ទំនៀមទម្លាប់​ខ្មែរ​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​១៩៥៣​ថា ក្រុង​កំពត ពី​ដើម​ដុះ​សុទ្ធ​តែ​កូន​ស្មាច់​ កូន​ផ្អាវ​នៅ​តាម​មាត់​សមុទ្រ ​ដែល​សម្រាប់​ឲ្យ​អ្នក​ជំនួញ​ចត​ទូក និង​សំពៅ ។ ត​ក្រោយ​មក​ទៀត មាន​ចិន យួន ចាម ខ្មែរ​ទៅ​សង់​ខ្ទម​នៅ​ជា ​កំប៉ូត​ៗ​ទទឹង​ថ្ងៃ​នៅ​តាម​បណ្ដោយ​មាត់​ព្រែក​កំពង់​បាយ ភ្ជាប់​ទៅ​កោះ​ធំ ​ដើម្បី​រកស៊ី​លក់​ដូរ​។

កន្លែង​ដែល​ចាម ចិន ខ្មែរ យួន សង់​ខ្ទម​រស់នៅ គេ​សង្កេត​ឃើញ​មាន​ផ្ទះ​ជា​កំប៉េត​កំប៉ូត​ ​ ទើប​គេ​សន្មត​ហៅ​ថា “ភូមិ​កំប៉ូត”​។ ​លុះ​ក្រោយ​មក​ទៀត ពេល​មាន​ផ្ទះ​​ទៅ​​ហើយ​ អ្នក​លក់ដូរ​ធ្វើ​តៀម​លក់​បាយ​សម្រាប់​ឈ្មួញ​អម្រែក ចិន យួន ចាម ជ្វា និង​ពួក​ឈ្មួញ​ដែល​ចត​ទូក​ ឬ​អ្នក​ធ្វើ​ដំណើរ​ឈប់​ ​ដើម្បី​បរិភោគ​បាយ​នៅ​កន្លែង​នោះ។

ក្រោយ​មក ​អ្នក​ដំណើរ​ឲ្យ​​ឈ្មោះ​ទី​នោះ​ថា “ផ្សារ​កំប៉ូត” ឬ​ភូមិ​កំប៉ូត ថា “ផ្សារ​កំពង់​បាយ” ។ ​នាម​បញ្ញត្តិ​ទាំង​ពីរ​នោះ​ប្រើ​ច្របូកច្របល់​គ្នា ខ្លះ​ហៅ​ថា ផ្សារ​កំប៉ូត ខ្លះ​ទៀត​ហៅ​ថា ផ្សារ​កំពង់​បាយ​ តែ​សព្វ​ថ្ងៃ​គេ​ហៅ​ថា ខេត្ត​កំពត​។

រីឯ​​ចំណុច​​ទី​២).​​ ​តាម​លោក​ម៉ាដ្រូល (Madrolle) បាន​និយាយ​ថា​ ទីប្រជុំ​ជន​នៅ​តាម​ឆ្នេរ​សមុទ្រ ​មាន​ដុះ​សុទ្ធ​តែ​ដើម​ផ្អាវ តែ​កន្លែង​ដែល​ឈ្មោះ​ថា កំពត សព្វ​ថ្ងៃ​ហៅ​ថា​កំពង់​បាយ​។

លោក​ទាំង​ពីរ​ថា កំពង់​បាយ​ដូច​គ្នា ខុស​ត្រង់​លោក ឌឿ វ៉ាន់ ថា​ផ្សារ​កំប៉ូត ​រី​ឯ​លោក​ ម៉ាដ្រូល បាន​អះអាង​ថា កំពត ប្រហែល​មក​ពី​ពាក្យ​កម្ពុជា គេ​អាច​សរសេរ​ទៅ​ជា​កម្ពុជា​រដ្ឋ​ ដល់​គេ​កាត់​រដ្ឋ​ចេញ​ទៅ​នៅ​សល់​តែ​កម្ពុជា​។

នៅ​ពេល​ដែល​ក្រុង​កំពត កំពុង​កកើត​​មាន​ឈ្មួញ​ជន​ជាតិ​សៀម​ធ្វើ​ដំណើរ​តាម​សមុទ្រ ​មក​ឈប់​អាស្រ័យ​បាយ​នៅ​ត្រង់​កន្លែង​នោះ ​ហើយ​ដោយ​​​​ភាសា​សៀម ពាក្យ​ថា កម្ពុជា អាន​ថា “កម្ពុត” ដល់​ យូរ​ៗ​ទៅ​ដោយ​ធ្វេស​ប្រហែស​បាត់​ស្រៈ​អ៊ុ ( ុ) នៅ​សល់​តែ “កំពត”។

 

Loading...
Loading...
loading...