ស្វែងយល់ពីបុគ្គលិកលក្ខណៈមនុស្សម្នាក់ៗ តាមរយៈប្រភេទនៃក្រុមឈាម

ស្វែងយល់ពីបុគ្គលិកលក្ខណៈមនុស្សម្នាក់ៗ តាមរយៈប្រភេទនៃក្រុមឈាម

Loading...

ការផ្សារភ្ជាប់គ្នារវាងប្រភេទនៃក្រុមឈាម និងបុគ្គលិកលក្ខណៈរបស់មនុស្សតែងតែជាចំណាប់អារម្មណ៍ដ៏អស្ចារ្យមួយរបស់ពួកអ្នកវិទ្យាសាស្ត្រជាច្រើន ខណៈដែលពួកគេបានសង្កេតឃើញនូវលក្ខណៈច្បាស់លាស់មួយចំនួនដែលស្របត្រូវទៅតាមប្រភេទនៃក្រុមឈាមជាក់លាក់នីមួយៗ។ មកទល់នឹងពេលបច្ចុប្បន្នការសិក្សាស្រាវជ្រាវកាន់តែកើនឡើងជាលំដាប់។ ខាងក្រោមជាលក្ខណៈចម្បងៗមួយចំនួនរបស់មនុស្សដែលមានទៅតាមប្រភេទឈាមរបស់ពួកគេ ៖



១. ក្រុមឈាមប្រភេទ A  ៖ ​​​ប្រមាណជា ៤០ភាគរយនៃមនុស្សទូទាំងពិភពលោកមានក្រុមឈាមប្រភេទ A (សំដៅដល់ទាំង A+ និង A-)។ លក្ខណៈពិសេសនៃអ្នកដែលមានក្រុមឈាមប្រភេទនេះ គឺពួកគេជាជំពូកមនុស្សដែលចេះធ្វើការ វិនិច្ឆ័យ យោគយល់ គិតគូរ ពិចារណា ចូលចិត្តធ្វើការរួបរួម ហើយមានចិត្តត្រជាក់មិនងាយនឹងឆេវឆាវ។ អ្នកដែលមានក្រុមឈាមប្រភេទ A មិនចូលចិត្តរស់នៅដូចការសម្ដែងឡើយ ពួកគេក៏មិនចូលចិត្តឲ្យនរណាម្នាក់ធ្វើការរំខានជ្រៀតជ្រែកចូលមកក្នុងជីវិតរស់នៅរបស់ពួកគេឡើយ ហើយក៏មិនចូលចិត្តដ្រាម៉ាបញ្ចេញអារម្មណ៍ផ្សេងៗរបស់ខ្លួនឯងដូចក្នុងខ្សែភាពយន្តដែរ។ ពួកគេរស់នៅទៅតាមរបៀបមួយដែលពួកគេចូលចិត្តដោយមិនងាយនឹងកែប្រែឡើយ។ និយាយពីរឿងគ្រប់គ្រងអារម្មណ៍វិញ គឺជាជំនាញមួយដែលមនុស្សមានក្រុមឈាមប្រភេទ A ពូកែខ្លាំងបំផុត។ ពួកគេក៏ជាជំពូកមនុស្សដែលតែងចាប់ផ្ដើមធ្វើនូវអ្វីថ្មីៗអមជាមួយនូវឆន្ទះសំដៅរកភាពត្រូវតែបានសម្រេចជោគជ័យ ដោយពួកគេនឹងព្យាយាមប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីធ្វើវាឲ្យបានល្អបំផុតតែម្ដង។ ទោះជាយ៉ាងណាក៏ដោយ ចំណុចមិនល្អរបស់អ្នកដែលមានក្រុមឈាម A គឺពួកគេរឹងរូស ឆាប់ប្រកាន់ កំណាញ់ ហើយសូញសាញច្រើន។ ដោយសារភាពចចេស រឹងទទឹងខ្លាំងចង់សម្រេចបានតែភាពជោគជ័យចំពោះអ្វីដែលពួកគេតាំងចិត្តធ្វើ និងភាពផ្ដោតសំខាន់ខ្លាំងតែទៅលើការងារដែលមានក្នុងដៃបានក្លាយជាហេតុមួយដែលធ្វើឲ្យអ្នកដទៃជាច្រើនទៀតមានអារម្មណ៍គិតថា អ្នកជាមនុស្សមានអំនួត ឬពូកែវាយឬក ឬធ្វើឬកពា។ វាក៏មិនជាបញ្ហាអ្វីដែរ ក៏ព្រោះបុគ្គលិកលក្ខណៈរបស់អ្នក គឺមានទំនោរខ្លាំងទៅរកភាពផ្ទាល់ខ្លួនដាច់ដោយឡែក មិនចង់ឲ្យអ្នកដទៃចូលមកពាក់ព័ន្ធជាមួយមិនថាក្នុងរឿងអ្វីក៏ដោយ។

២. ក្រុមឈាមប្រភេទ B ៖ ប្រមាណជា ១១ ភាគរយនៃមនុស្សទូទាំងពិភពលោកមានក្រុមឈាមប្រភេទ B (សំដៅដល់ទាំង B+ និង B-)។ លក្ខណៈពិសេសនៃអ្នកដែលមានក្រុមឈាមប្រភេទនេះ គឺពួកគេជាជំពូកមនុស្សពោរពេញទៅដោយភាពស្វាហាប់ មានគំនិតច្រើន រីករាយ និងតែងមានភាពជឿជាក់ជាប់ជានិច្ច ប៉ុន្តែទោះជាយ៉ាងណាពួកគេក៏ជាជំពូកមនុស្សដែលពិបាកនឹងយល់ពីចិត្តគំនិត មិនអាចទាយទុកមុនបាន ឆាប់មានភាពរំជើបរំជួល ងប់ងល់ ចូលចិត្តធ្វើអ្វីទៅតាមតែសន្ទុះចិត្ត។ អ្នកដែលមានក្រុមឈាមប្រភេទ B មាននូវបុគ្គលិកលក្ខណៈមួយដែលពួកគេទទួលបានកម្លាំងជំរុញលើកទឹកចិត្តពីខ្លួនពួកគេផ្ទាល់តែម្ដង និយាយឲ្យងាយយល់ គឺចេះលើកទឹកចិត្តខ្លួនឯង មិនងាយនឹងបាក់ទឹកចិត្តឡើយ។ ពួកគេចូលចិត្តស្វែងរក ក៏ដូចជាជ្រើសរើសអ្វីគ្រប់យ៉ាងតាមបេះដូងខ្លួនឯងមិនថាជា ក្ដីស្រឡាញ់ ដំណើរកំសាន្ត ឬក៏ការងារក៏ដោយ។ ក៏ព្រោះតែអ្នកបានដាក់បេះដូង និងអារម្មណ៍ចូលទៅក្នុងអ្វីៗគ្រប់យ៉ាង ជាហេតុធ្វើឲ្យបុគ្គលិកលក្ខណៈរបស់អ្នកស្ទើរតែពោរពេញទៅដោយ​​​ភាពគួរឲ្យចាប់ចិត្ត និងកម្លាំងជម្រុញបំផុសគំនិត។ ចំណុចមិនល្អរបស់អ្នកដែលមានក្រុមឈាម B គឺដោយសារតែភាពងប់ងល់ចង់បានខ្លាំង ជាហេតុធ្វើឲ្យពួកគេអាចនឹងអាត្មានិយមបន្តិច។ អ្នកមិនដែលបើកបង្ហាញអំពីចិត្តគំនិត បំណង ឬអារម្មណ៍របស់ខ្លួន ឲ្យនរណាម្នាក់បានដឹងឡើយ ដូច្នេះគ្មាននរណាម្នាក់អាចដឹងអំពីអ្វីដែលអ្នកកំពុងគិត ឬធ្វើឡើយ លុះត្រាតែអ្នកបានធ្វើវាចប់ ហើយបង្ហាញឲ្យអ្នកផ្សេងបានដឹងឮ។ មនុស្សជាច្រើនមានអារម្មណ៍ភ័យខ្លាចក្នុងការជឿជាក់លើអ្នក ក៏ព្រោះតែភាពមិនអាចទាយទុកជាមុនបានរបស់អ្នក។

៣. ក្រុមឈាមប្រភេទ O ៖ ប្រមាណជា ៤៥ ភាគរយនៃមនុស្សទូទាំងពិភពលោកមានក្រុមឈាមប្រភេទ O (សំដៅដល់ទាំង O+ និង O-)។ លក្ខណៈពិសេសនៃអ្នកដែលមានក្រុមឈាមប្រភេទនេះ គឺពួកគេជាជំពូកមនុស្សពោរពេញទៅដោយទំនួលខុសត្រូវ គោរពពេលវេលា ប្រុងប្រយ័ត្នជាប់ជានិច្ច និងមានការប្តេជ្ញាចិត្តខ្ពស់។ ក៏ព្រោះតែអ្នកដែលមានក្រុមឈាម O ចាត់ទុកថាទំនួលខុសត្រូវ គឺពិតជាចំណុចដ៏សំខាន់ខ្លាំងនោះជាហេតុធ្វើឲ្យពួកគេក្លាយជាមនុស្សគួរឲ្យទុកចិត្តបំផុតសម្រាប់អ្នកដទៃ។ ការគោរពពេលវេលា និងភាពមានការប្តេជ្ញាចិត្តខ្ពស់ ជាកម្លាំងជម្រុញបំផុសគំនិតឲ្យគេសម្រេចបញ្ចប់បាននូវអ្វីដែលពួកគេបានចាប់ផ្ដើម។ ពួកគេក៏ជាដៃគូដ៏ល្អផងដែរ ខណៈដែលពួកគេមានទំនោរងាយនឹងអាចយល់បាន ជាអ្នកស្ដាប់ដ៏ល្អ និងចេះជួយលួងលោមអ្នកដទៃទៀត។ អ្នកមានក្រុមឈាម O ចូលចិត្តការត្រៀមលក្ខណៈទុកជាមុន ក៏ដូចជារៀបចំគម្រោងទុកមុនមិនថាចំពោះអ្វីក៏ដោយ ហើយវាអាចជាហេតុផលមួយដែលពួកគេមិនចូលចិត្តធ្វើអ្វីខុសៗពីគ្នា។ ចំណុចនេះស្ដាប់ទៅហាក់ដូចជាមានភាពអវិជ្ជមានក៏ពិតមែន ក៏ប៉ុន្តែការពិតទៅលក្ខណៈសម្បត្តិនេះបានធ្វើឲ្យពួកគេក្លាយជាមនុស្សដែលគួរឲ្យជឿទុកចិត្តបានបំផុត ហើយប្រសិនបើមាននរណាម្នាក់ធ្វើការពឹងពាក់អ្នកដែលមានក្រុមឈាម O គឺមិនសូវខកបំណងឡើយ។

៤. ក្រុមឈាមប្រភេទ AB ៖ ប្រមាណជាត្រឹមតែ ៤ ភាគរយប៉ុណ្ណោះនៃមនុស្សទូទាំងពិភពលោកមានក្រុមឈាមប្រភេទ AB (សំដៅដល់ទាំង AB+ និង AB-)។លក្ខណៈពិសេសនៃអ្នកដែលមានក្រុមឈាមប្រភេទនេះ គឺពួកគេជាជំពូកមនុស្សពោរពេញទៅដោយមហិច្ឆតា ភាពជឿជាក់ ទំនុកចិត្ត មានភាពជាអ្នកដឹកនាំពីកំណើត និងចូលសង្គម។ ចូលចិត្តធ្វើជាគំរូដល់អ្នកដទៃដែលមានន័យថា ប្រសិនបើគេមិនអាចធ្វើអ្វីមួយសម្រាប់អ្នកដទៃទេ គេក៏មិនរំពឹងឲ្យអ្នកដទៃធ្វើអ្វីមួយដូចគ្នានោះសម្រាប់គេដែរ។ អ្នកដែលមានក្រុមឈាម AB ជាមនុស្សអាថ៌កំបាំង ឬពូកែលាក់បាំង កម្រនឹងនិយាយចេញនូវអ្វីដែលកើតមានក្នុងចិត្តរបស់ពួកគេណាស់។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏ជាមនុស្សដែលចូលចិត្តស្ដាប់អ្នកដទៃនិងព្យាយាមយល់ពីអ្នកទាំងនោះ។ ពួកគេតែងញញឹម ងក់ក្បាល បារម្ភ ទទួលយកការសុំជំនួយពីអ្នកដទៃ ប៉ុន្តែកម្រនឹងសុំអ្នកដទៃឲ្យជួយអ្នកណាស់។ ពួកគេជាមនុស្សមាត់ត្រង់ចូលចិត្តនិយាយការពិត បើទោះជាពាក្យសម្ដីទាំងនោះអាក្រក់ពិបាកស្ដាប់ក៏ដោយ ក៏ពួកគេមិនប្រើពាក្យកុហកដែរ៕

 

Loading...
Loading...
loading...