គួរឲ្យអាសូរ វី​ជេ អា​លី​យ៉ា មាន​សំណូម​ពរ​២ សុំឲ្យសប្បុរសជនជួយទាំងសម្តីខ្សាវៗ

គួរឲ្យអាសូរ វី​ជេ អា​លី​យ៉ា មាន​សំណូម​ពរ​២ សុំឲ្យសប្បុរសជនជួយទាំងសម្តីខ្សាវៗ

Loading...

វី​ជេ អា​លី​យ៉ា មាន​សំណូម​ពរ​ពីរ​យ៉ាង​ សុំឲ្យសប្បុរសជន​ជួយ ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ឆាប់​ៗ អំឡុង​ពេល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។ តារា​ស្រី​កំពុង​មាន​ជំងឺ​រលាក​ទង​សួត​ធ្ងន់​ធ្ងរ​ បាន​ប្រាប់​ Sabay ថា សំណូម​ពរ​២​យ៉ាង​នោះ គឺ​ចង់​បាន​បន្ទប់​សម្រាក​ព្យាបាល​មួយ​ដាច់​ដោយ​ឡែក​ពី​អ្នក​ជំងឺ​ផ្សេង​ៗ និង​​សុំ​អ្នក​មើល​ថែ​ម្នាក់​ពេល​ជំងឺ​ធ្វើ​ទុក្ខម្តងៗ។

​​​​​ក្នុង​សម្តីខ្សាវ​ៗ អា​លី​យ៉ា និយាយ​ថា ស្ទើរ​​រាល់​យប់​​នាង​មិន​បាន​សម្រាក​ឲ្យ​ពេញ​ភ្នែក​ឡើយ ដោយ​សារ​សំឡេង​រំខាន ព្រោះ​សព្វ​ថ្ងៃ​នាង​សម្រាក​ក្នុង​បន្ទប់​ជាមួយ​អ្នក​ជំ​ងឺ​ជា​ច្រើន​។ លើស​ពី​នេះ​ ជើង​ទាំង​ពីរ​ស្វិត​ដើរ​មិន​រួច​នោះ​ទេ នៅ​ពេល​ចង់​ទៅ​បន្ទោរ​បង់ ឬ​ដើរ​ទៅ​ណា​ គឺ​ពិ​បាក​ខ្លាំង​ណាស់។ ​មាន​ពេល​ខ្លះ​ត្រូវ​បត់ជើង​តូច​-ធំ នៅ​លើ​គ្រែ​គេង​ក៏​មាន។ អ្វី​ដែល​សង្វេគ​ទៀត​នោះ ពេល​ជំងឺ​ធ្វើ​ទុក្ខ​ម្ដង​ៗ វី​ជេ អា​លី​យ៉ា ស្ទើរ​ដាច់​ខ្យល់​ស្លាប់​ទៅ​ហើយ ព្រោះ​គ្មាន​អ្នក​ណា​ជួយ​មើល​ថែ ឬ​ហៅ​គ្រូ​ពេទ្យ​ឲ្យ​នោះ​ទេ ព្រោះ​អ្នកនាងគ្មាន​សាច់​ញាតិ ឬ​បង​ប្អូន។

អា​លី​យ៉ា ​​មិន​អាច​និយាយ​ស្តី​បាន​ច្រើ​ន​នោះ​ទេ ព្រោះ​ឆាប់​ហត់​ ពេល​ខ្លះ​ដង្ហើម​ដក​ស្ទើរ​មិន​ដល់​គ្នា ​ចំណែក​ត្រ​ចៀក​ស្ដាប់​មិន​សូវ​ឮ រាង​កាយ​ល្ហិតល្ហៃ ក្តៅ​ខ្លួន​ ហើយ​ត្រូវ​ដាក់​បំពង់​ខ្យល់​អុក​ស៊ី​សែន​ជា​ប្រចាំ​ដើម្បី​ជំនួយ។ ប៉ុន្តែ​រូប​នាង​បញ្ជាក់​ថា ពេល​នេះ​សុខភាព​ និង​អារម្មណ៍​ផ្លូវ​ចិត្ត​បាន​ធូរស្រាល​មួយ​កម្រិត បើ​ធៀប​នឹង​គ្រាដំបូង​មក​សម្រាក​នៅ​មន្ទីរពេទ្យ​នេះ។​

​​ដោយ​ក្តី​អាណិត​ មានបង​ប្អូន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ បាន​មក​សួរ​សុខទុក្ខ ព្រម​ទាំង​​ស្វែង​រក​ជំនួយ​ផ្សេងៗ​​ដូចជា រកអ្នក​មើល​ថែ​ជំងឺ​ឲ្យ​ និងឧបត្ថម្ភ​ថវិកា​ខ្លះ​ៗ​សម្រាប់​ការ​ហូប​ចុក​នៅ​មន្ទីរ​ពេទ្យ និង​លើក​ទឹក​ចិត្ត​ដល់ វីជេ អាលីយ៉ា ឲ្យ​ឆាប់​ជា​ផង​ដែរ។

ស្ថាន​ភាព​របស់​វីជេ​ដែល​ធ្លាប់​តែ​បង្ហាញ​​ខ្លួន​ក្នុង​វិថី​សិល្បៈ​​យ៉ាង​រីករាយ បែរ​ជា​ធ្លាក់​ខ្លួន​យ៉ាង​ដុនដាប​ក្នុង​ជំ​ងឺ​ធ្ងន់​ធ្ងរ​បែប​នេះ​ធ្វើ​ឲ្យ​មហាជន​ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង៕

Loading...
Loading...
loading...